- អាជីពក្នុងវិស័យប្រសិទ្ធភាពថាមពល (Energy Efficiency)
ប្រសិទ្ធភាពថាមពល គឺជាការប្រើប្រាស់ថាមពលឱ្យមានប្រសិទ្ធភាពខ្ពស់ (ទទួលបានលទ្ធផលដូចគ្នា ឬ ប្រសើរជាងមុន) ដោយប្រើប្រាស់អគ្គិសនីតិចជាងមុន។ វិធីសាស្រ្ដនេះ គឺជាវិធីមួយដែលមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយការប្រើប្រាស់ថាមពល និង ចំណាយថ្លៃអគ្គិសនី កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងជួយជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ ប្រសិទ្ធភាពថាមពលកំពុងក្លាយជាវិស័យអាទិភាព សម្រាប់ប្រទេសកម្ពុជា។ គោលនយោបាយ និងការវិនិយោគថ្មីៗក្នុងវិស័យនេះ កំពុងបង្កើតតម្រូវការអ្នកមានជំនាញ ដែលអាចជួយឱ្យគេហដ្ឋាន អាជីវកម្ម និងរោងចក្រប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាពជាងមុន។ មិនថាអ្នកចូលចិត្តការងារផ្នែកវិស្វកម្ម ការធ្វើសវនកម្មថាមពល ការគ្រប់គ្រងគម្រោង ហិរញ្ញវត្ថុ ឬការងារបច្ចេកទេស នៅការដ្ឋានទេ វិស័យនេះមានឱកាសការងារជាច្រើនសម្រាប់អ្នក។
ការងារក្នុងវិស័យប្រសិទ្ធភាពថាមពល
អ្នកអាចស្វែងរកមុខតំណែងទាំងនេះ នៅក្នុងវិស័យប្រសិទ្ធភាពថាមពល។
សវនករថាមពល
ភារកិច្ចចម្បងៗ
• ធ្វើសវនកម្មថាមពល (Energy Audits) នៅទីតាំងផ្ទាល់ និងរៀបចំការវាយតម្លៃថាមពលដើមគ្រា
នៃការប្រើប្រាស់ថាមពល
• វាយតម្លៃប្រព័ន្ធ អ៊ីសូឡង់ (Insulation) ភ្លើងបំភ្លឺ និងឧបករណ៍ប្រើប្រាស់អគ្គិសនី ដើម្បីស្វែងរកឱកាសបង្កើន ប្រសិទ្ធភាពថាមពល ព្រមទាំងដំឡើងបច្ចេកវិទ្យា ឬឧបករណ៍វាស់ថាមពល (Energy Meters) និងប្រព័ន្ធផ្ទុកទិន្នន័យ
• វិភាគទិន្នន័យនៃការប្រើប្រាស់ថាមពល ផ្តល់អនុសាសន៍លើដំណោះស្រាយក្នុងការចំណាយដែលមានប្រសិទ្ធភាព និងអនុវត្តផែនការការវាស់វែង និងផ្ទៀងផ្ទាត់ (M&V) ដើម្បីផ្ទៀងផ្ទាត់ការសន្សំថាមពលដែលសម្រេចបាន
• រៀបចំរបាយការណ៍សិក្សាលទ្ធភាព របាយការណ៍ផ្ទៀងផ្ទាត់ការសន្សំថាមពល ការគណនាផលចំណេញពីការវិនិយោគ និងលក្ខណៈបច្ចេកទេសសម្រាប់ការលទ្ធកម្ម ។
ជំនាញដែលត្រូវការ
• ជំនាញក្នុងការប្រើប្រាស់ឧបករណ៍កត់ត្រាទិន្នន័យ (Data Loggers)
• ជំនាញសិក្សា និង វិភាគការប្រើប្រាស់ថាមពល (Load Analysis)
• ជំនាញក្នុងការប្រើប្រាស់ឧបករណ៍វាស់ស្ទង់ និងដឹងពីពិធីសារអន្តរជាតិសម្រាប់ការវាស់វែង និងផ្ទៀងផ្ទាត់សមិទ្ធផល (Measurement Instruments & International Performance Measurement and Verification Protocols ហៅកាត់ថា IPMVP)
• ឧបករណ៍សម្រាប់ការធ្វើសវនកម្ម (Audit Tools)
• ការវិភាគរវាងចំណាយធៀបនឹងអត្ថប្រយោជន៍ (Cost-Benefit Analysis)
• ការធ្វើគណនាសមិទ្ធផលថាមពល (Energy Performance Modelling)
• ការរៀបចំរបាយការណ៍បច្ចេកទេស
• ចំណេះដឹងមូលដ្ឋានអំពីប្រព័ន្ធអគារ និងប្រព័ន្ធឧស្សាហកម្ម
• ការតខ្សែភ្លើងអគ្គិសនី
• ចំណេះដឹងមូលដ្ឋានអំពីប្រព័ន្ធកម្ដៅ ប្រព័ន្ធខ្យល់ និងម៉ាស៊ីនត្រជាក់ (Heating, Ventilation, and Air Conditioning) ឬហៅកាត់ថា HVAC
សមត្ថភាពគាំទ្រ
• យកចិត្តទុកដាក់លើចំនុចលម្អិត
• ជំនាញដោះស្រាយបញ្ហា
• ការគិតបែបស៊ីជម្រៅ
• ជំនាញទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ
• ការធានាគុណភាព
• ភាពបត់បែន និងសម្របខ្លួនបានល្អ
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
វិស្វករមេកានិក និងវិស្វករអគ្គិសនីដែលមានបទពិសោធន៍ក្នុងវិស័យផលិតកម្ម សំណង់ ឬរោងចក្រឧស្សាហកម្ម អាចបន្តមកអាជីពនេះបាន ដោយបន្ថែមការបណ្តុះបណ្តាលអំពីវិធីសាស្ត្រធ្វើសវនកម្ម (Auditing Methods) ជំនាញក្នុងការប្រើប្រាស់ឧបករណ៍វាស់ស្ទង់ និងដឹងពីពិធីសារអន្តរជាតិសម្រាប់ការវាស់វែង និងផ្ទៀងផ្ទាត់សមិទ្ធផល (Measurement Instruments & International Performance Measurement and Verification Protocols ហៅកាត់ថា (IPMVP) ជំនាញសិក្សា និងគណនាទំហំប្រើប្រាស់ ឬតម្រូវការថាមពលអគ្គិសនី (Load Analysis) ប្រព័ន្ធអគារ(Building Systems) និងការបង្កើនប្រសិទ្ធភាពប្រព័ន្ធកម្ដៅ ប្រព័ន្ធខ្យល់ និងម៉ាស៊ីនត្រជាក់ (Heating, Ventilation, and Air Conditioning) ឬហៅកាត់ថា HVAC។
អ្នកគ្រប់គ្រងថាមពល
ភារកិច្ចចម្បងៗ
• តាមដាន និងគ្រប់គ្រងប្រព័ន្ធប្រើប្រាស់ថាមពលនៅក្នុងអគារ និងសម្ភារៈបរិក្ខារ
• កំណត់រកចន្លោះប្រហោងនៃការប្រើប្រាស់ថាមពលដែលគ្មានប្រសិទ្ធភាព និងស្វែងរកមធ្យោបាយសន្សំថាមពល តាមរយៈការកែលម្អប្រព័ន្ធដែលមានស្រាប់ ឬការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ
• អនុវត្តការថែទាំ ការប្រមូលទិន្នន័យ និងការរៀបចំរបាយការណ៍។
ជំនាញដែលត្រូវការ
• សវនកម្មថាមពល
• ប្រព័ន្ធគ្រប់គ្រងថាមពល ISO 50001
• ការវិភាគទិន្នន័យ
• ការបង្កើនប្រសិទ្ធភាពប្រព័ន្ធ
សមត្ថភាពគាំទ្រ
• ភាពជាអ្នកដឹកនាំ
• គិតបែបស៊ីជម្រៅ
• ជំនាញទំនាក់ទំនង
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
វិស្វករដែលមានជំនាញគ្រប់គ្រង និងបទពិសោធន៍ក្នុងការដឹកនាំក្រុមការងារ អាចបន្តមកវិស័យនេះបាន។
អ្នកប្រឹក្សាផ្នែកប្រសិទ្ធភាពថាមពល
ភារកិច្ចចម្បងៗ
• រៀបចំករណីសិក្សាអាជីវកម្ម និងបង្កើតសំណើគម្រោងសម្រាប់ការវិនិយោគលើ ប្រសិទ្ធភាពថាមពល
• រៀបចំការរចនា និងអនុវត្តគម្រោង ប្រសិទ្ធភាពថាមពល
• សិក្សាលទ្ធភាពផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ (Technical and Financial Feasibility Studies)
• គាំទ្រការរៀបចំហិរញ្ញប្បទានគម្រោង (Project Financing) និងសម្របសម្រួលការងារជាមួយវិនិយោគិន
• ចរចា និងគ្រប់គ្រងកិច្ចសន្យាជាមួយក្រុមហ៊ុនផ្តល់សេវាកម្មថាមពល (Energy Service Company ហៅកាត់ថា ESCO)។
ជំនាញដែលត្រូវការ
• ហិរញ្ញប្បទានគម្រោងសម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មថាមពល
• គណនាថាមពល (Energy Modelling)
• ការវាយតម្លៃហិរញ្ញវត្ថុ
• ការគ្រប់គ្រងគម្រោង
សមត្ថភាពគាំទ្រ
• ជំនាញចរចា
• ជំនាញរៀបចំធ្វើបទបង្ហាញ
• ជំនាញសម្របសម្រួលភាគីពាក់ព័ន្ធ
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
មន្ត្រីអភិវឌ្ឍធុរកិច្ច វិស្វករផ្នែកលក់(technical sales engineer) ឬអ្នកប្រឹក្សាពីវិស័យផ្សេងៗ អាចផ្ទេរជំនាញមកការងារនេះបាន។
អ្នកគ្រប់គ្រង ឬ សម្របសម្រួលគម្រោង
ភារកិច្ចចម្បងៗ
• គ្រប់គ្រងគម្រោង ប្រសិទ្ធភាពថាមពល ចាប់ពីការរៀបចំ រហូតដល់ការបញ្ចប់ ដូចជា ការកែលម្អរោងចក្រ (Industrial Retrofits) ការកែលម្អអគារ និងប្រព័ន្ធភ្លើងបំភ្លឺសាធារណៈ
• សម្របសម្រួលការងារជាមួយអ្នកម៉ៅការ អ្នកផ្គត់ផ្គង់ និងអតិថិជន
• តាមដានវឌ្ឍនភាពគម្រោង ការគ្រប់គ្រងថវិកា និងការអនុលោមតាមបទប្បញ្ញត្តិ និងស្តង់ដារពាក់ព័ន្ធ
ជំនាញដែលត្រូវការ
• ស្គាល់ពីឧបករណ៍គ្រប់គ្រងគម្រោង
• រៀបចំ និងគ្រប់គ្រងថវិកា
• ការធានាគុណភាព និងការត្រួតពិនិត្យគុណភាព
• ការគ្រប់គ្រងកិច្ចសន្យា
សមត្ថភាពគាំទ្រ
• ភាពជាអ្នកដឹកនាំ
• ការគ្រប់គ្រងការងារច្រើនក្នុងពេលតែមួយ
• ជំនាញទំនាក់ទំនង
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកសម្របសម្រួលគម្រោងសំណង់ អ្នកគ្រប់គ្រងការងារផ្នែក ប្រព័ន្ធមេកានិក អគ្គិសនី និងប្រព័ន្ធទឹក (Mechanical, Electrical, and Plumbing ឬហៅកាត់ថា MEP) និងអ្នកគ្រប់គ្រងគម្រោងពីវិស័យផ្សេងៗ សុទ្ធតែអាចបន្តមកអាជីពនេះបាន។
មន្ត្រីលទ្ធកម្ម និងដឹកជញ្ជូន
ភារកិច្ចចម្បងៗ
• ស្វែងរក និងលទ្ធកម្មឧបករណ៍សម្រាប់ ប្រសិទ្ធភាពថាមពល ដូចជា អំពូល LED, ប្រព័ន្ធកម្ដៅ ប្រព័ន្ធខ្យល់ និងម៉ាស៊ីនត្រជាក់ (Heating, Ventilation, and Air Conditioning) ឬហៅកាត់ថា HVAC ម៉ាស៊ីនបូមទឹក (Pumps) និងសម្ភារៈអ៊ីសូឡង់ (Insulation Materials)
• គ្រប់គ្រងឯកសារនាំចូល និងតាមដានពីអ្នកផ្គត់ផ្គង់
• គាំទ្រការស្វែងរក និងលទ្ធកម្មសម្ភារៈសន្សំសំចៃថាមពលពីប្រភពក្នុងស្រុក
ជំនាញដែលត្រូវការ
• ការគ្រប់គ្រងខ្សែច្រវ៉ាក់ផ្គត់ផ្គង់
• ប្រព័ន្ធគ្រប់គ្រងធនធានសហគ្រាស
• លក្ខណៈបច្ចេកទេសនៃផលិតផល
សមត្ថភាពគាំទ្រ
• ជំនាញសម្របសម្រួល
• ជំនាញរៀបចំការងារបានល្អ
• ការគ្រប់គ្រងពេលវេលា
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកគ្រប់គ្រងឃ្លាំង បុគ្គលិកផ្នែកនាំចូល និងនាំចេញ និងអ្នកសម្របសម្រួលខ្សែច្រវ៉ាក់ផ្គត់ផ្គង់ អាចបន្តមកអាជីពនេះបាន ដោយបន្ថែមការបណ្តុះបណ្តាលអំពីលក្ខណៈបច្ចេកទេសនៃឧបករណ៍ ប្រសិទ្ធភាពថាមពល។
មន្ត្រីសុខភាព សុវត្ថិភាព បរិស្ថាន និងគុណភាព
ភារកិច្ចចម្បងៗ
• ធានាថាការងារដំឡើង និងការថែទាំ អនុវត្តតាមស្តង់ដារ សុខភាព សុវត្ថិភាព និងបរិស្ថាន (HSE)
• រៀបចំ និងផ្តល់ការបណ្តុះបណ្តាលដល់វិស្វករ និងបុគ្គលិកប្រចាំការដ្ឋាន
• ត្រួតពិនិត្យការដ្ឋាន និងការវាយតម្លៃហានិភ័យ
• ធានាការអនុលោមតាមបទប្បញ្ញត្តិ និងស្តង់ដារជាតិស្តីពី សុខភាព សុវត្ថិភាព និងបរិស្ថាន (National HSE Regulations)
ជំនាញដែលត្រូវការ
• ការវាយតម្លៃហានិភ័យ
• វិធានការសុវត្ថិភាព
• នីតិវិធីត្រួតពិនិត្យ
សមត្ថភាពគាំទ្រ
• មានវិន័យ
• ជំនាញទំនាក់ទំនង
• យល់ដឹងអំពីស្ថានភាពជុំវិញ
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកត្រួតពិនិត្យសុវត្ថិភាព ដែលមានបទពិសោធន៍ក្នុងវិស័យសំណង់ ឬផលិតកម្ម អាចបន្តមកអាជីពនេះបាន ដោយបន្ថែមការបណ្តុះបណ្តាលអំពីហានិភ័យ និងវិធានការសុវត្ថិភាពដែលពាក់ព័ន្ធនឹង ប្រសិទ្ធភាពថាមពល។
អ្នកវិភាគហិរញ្ញវត្ថុ និងគោលនយោបាយ
ភារកិច្ចចម្បងៗ
• គាំទ្រការរៀបចំ និងអភិវឌ្ឍយន្តការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងគំរូហិរញ្ញប្បទាន សម្រាប់គម្រោង ប្រសិទ្ធភាពថាមពល
• វាយតម្លៃសេដ្ឋកិច្ចគម្រោង និងប្រសិទ្ធភាពចំណាយនៃវិធានការសន្សំសំចៃថាមពល។
ជំនាញដែលត្រូវការ
• ការគណនាហិរញ្ញវត្ថុ (Financial Modelling)
• ការវិភាគគោលនយោបាយ
• ការរៀបចំការព្យាករណ៍ និងវិភាគទិន្នន័យដោយប្រើ Excel
សមត្ថភាពគាំទ្រ
• ការគិតបែបស៊ីជម្រៅ
• សមត្ថភាពធ្វើការជាមួយគ្រប់ភាគីដែលពាក់ព័ន្ធ
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកជំនាញហិរញ្ញវត្ថុ និងអ្នកវិភាគគោលនយោបាយពីវិស័យផ្សេងៗ អាចអភិវឌ្ឍជំនាញបន្ថែមដើម្បីចូលក្នុងវិស័យនេះ។
ការងារសម្រាប់ផ្នែកប្រសិទ្ធភាពថាមពលក្នុងវិស័យឧស្សាហកម្ម
ការងារទាំងនេះផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថាមពលនៅក្នុងរោងចក្រ និងសហគ្រាសឧស្សាហកម្ម។
វិស្វករផ្នែកផលិតកម្ម ឬ វិស្វករឧស្សាហកម្ម
ភារកិច្ចចម្បងៗ
• បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល និងដំណើរការផលិតកម្មនៅក្នុងវិស័យឧស្សាហកម្ម
• អនុវត្ត និងកែលម្អការប្រើប្រាស់បច្ចេកវិទ្យាដែលមាន ប្រសិទ្ធភាពថាមពល ដូចជា ម៉ូទ័រដែលមានប្រសិទ្ធភាពខ្ពស់ (Efficient Motors), ឡចំហាយទឹក (Boilers) និងប្រព័ន្ធប្រើប្រាស់កម្តៅឡើងវិញ (Heat Recovery Systems) ជាដើម
• តាមដាន និងបង្កើនសមិទ្ធផល និងប្រសិទ្ធភាពនៃម៉ាស៊ីន និងប្រព័ន្ធផលិតកម្ម។
ជំនាញដែលត្រូវការ
• ការបង្កើនប្រសិទ្ធភាពដំណើរការផលិតកម្ម
• ចំណេះដឹងអំពីប្រព័ន្ធមេកានិក និងអគ្គិសនី
• ប្រព័ន្ធស្វ័យប្រវត្តិកម្ម
សមត្ថភាពគាំទ្រ
• ជំនាញដោះស្រាយបញ្ហា
• ភាពច្នៃប្រឌិត
• ចេះធ្វើការជាក្រុម
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
វិស្វករដំណើរការផលិតកម្ម អ្នកគ្រប់គ្រងការផលិត និងវិស្វករប្រព័ន្ធស្វ័យប្រវត្តិកម្ម អាចបន្តមកអាជីពនេះបាន ដោយបន្ថែមការបណ្តុះបណ្តាលអំពីប្រព័ន្ធ និងបច្ចេកវិទ្យាជាក់លាក់សម្រាប់ ប្រសិទ្ធភាពថាមពល។
អ្នកបច្ចេកទេសថែទាំ ឬ ជួសជុល
ភារកិច្ចចម្បងៗ
• ប្រតិបត្តិការ និងថែទាំឧបករណ៍ប្រសិទ្ធភាពថាមពល ដូចជា ម៉ូទ័រ ម៉ាស៊ីនបូមទឹក និងប្រព័ន្ធត្រជាក់
• ស្វែងរក និងដោះស្រាយបញ្ហាដែលបណ្តាលឱ្យបាត់បង់ប្រសិទ្ធភាពថាមពល និងអនុវត្តការថែទាំបង្ការ ដើម្បីធានាថាប្រព័ន្ធដំណើរការបានល្អ
ជំនាញដែលត្រូវការ
• ការប្រតិបត្តិការ និងថែទាំប្រព័ន្ធមេកានិក និងអគ្គិសនី (Mechanical and Electrical Operations and Maintenance (O&M))
• ប្រព័ន្ធឧបករណ៍វាស់ស្ទង់ និងត្រួតពិនិត្យ (Instrumentation)
• ប្រព័ន្ធបញ្ជា និងគ្រប់គ្រង (Control Systems)
សមត្ថភាពគាំទ្រ
• មានភាពហ្មត់ចត់ និង ទំនួលខុសត្រូវខ្ពស់
• មានភាពបត់បែនក្នុងការងារ
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកបច្ចេកទេសថែទាំប្រព័ន្ធមេកានិក និងអគ្គិសនី និងអ្នកប្រតិបត្តិការម៉ាស៊ីននៅក្នុងរោងចក្រ អាចបន្តមកអាជីពនេះបាន។ បទពិសោធន៍របស់ពួកគេលើការប្រតិបត្តិការ ថែទាំ និងដោះស្រាយបញ្ហាប្រព័ន្ធម៉ាស៊ីន គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការងារក្នុងវិស័យប្រសិទ្ធភាពថាមពល។
អ្នកជំនាញទិន្នន័យថាមពល ឬ ការវាស់វែង រាយការណ៍ និងផ្ទៀងផ្ទាត់
ភារកិច្ចចម្បងៗ
• ប្រមូល និងវិភាគទិន្នន័យ អំពីការប្រើប្រាស់ថាមពលរបស់រោងចក្រ និងសហគ្រាសឧស្សាហកម្ម
• រៀបចំរបាយការណ៍ ការវាស់វែង រាយការណ៍ និងផ្ទៀងផ្ទាត់ (MRV) សម្រាប់វិញ្ញាបនបត្របង្ហាញសមិទ្ធផលថាមពល (Display Energy Certificates : DECs) និងការដាក់ជូនស្ថាប័ននិយតករ (Regulatory Submissions)
• គ្រប់គ្រងប្រព័ន្ធតាមដានការប្រើប្រាស់ថាមពល និងបង្ហាញទិន្នន័យឌីជីថល
ជំនាញដែលត្រូវការ
• ការវិភាគទិន្នន័យ
• ជំនាញប្រើប្រាស់ឧបករណ៍វាស់ស្ទង់ថាមពល
• ពិធីសារ ការវាស់វែង រាយការណ៍ និងផ្ទៀងផ្ទាត់ (MRV Protocols)
សមត្ថភាពគាំទ្រ
• សមត្ថភាពវិភាគ
• សមត្ថភាពក្នុងការធ្វើការងារបានត្រឹមត្រូវ និងកាត់បន្ថយកំហុស
• ភាពហ្មត់ចត់ក្នុងការរៀបចំឯកសារ
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកបច្ចេកទេសទិន្នន័យ អ្នកប្រតិបត្តិប្រព័ន្ធស្វ័យប្រវត្តិកម្ម និងអ្នកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា អាចអភិវឌ្ឍជំនាញបន្ថែម ដើម្បីបន្តមកអាជីពនេះបាន។
ការងារផ្នែកប្រសិទ្ធភាពថាមពលសម្រាប់អគារលំនៅឋាន និងអគារពាណិជ្ជកម្ម
ការងារទាំងនេះផ្តោតលើការរចនាប្លង់ និងកែលម្អគេហដ្ឋាន អគារការិយាល័យ និងអគារពាណិជ្ជកម្ម ឱ្យប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាព។
ស្ថាបត្យករ ឬ អ្នករចនាអគារ
ភារកិច្ចចម្បងៗ
• បញ្ចូលវិធានការប្រសិទ្ធភាពថាមពល ទៅក្នុងការរចនាអគារ ដូចជាការធ្វើឱ្យអគារមានប្រព័ន្ធត្រជាក់អកម្ម (Passive Cooling) ការប្រើប្រាស់សម្ភារៈអ៊ីសូឡង់ (Insulation) និងការជ្រើសរើសសម្ភារៈសំណង់ដែលមានប្រសិទ្ធភាពថាមពល
• អនុវត្តបទប្បញ្ញត្តិស្តីពីប្រសិទ្ធភាពថាមពលសម្រាប់អគារ (Building Energy Code ឬហៅកាត់ថា BEC) និងធ្វើការគណនាការប្រើប្រាស់ថាមពល (Energy Simulations)
ជំនាញដែលត្រូវការ
• កម្មវិធីសម្រាប់រចនា និងវិភាគអគារ (BIM, AutoCAD, eQuest)
• ជំនាញសិក្សា និង រចនាប្រព័ន្ធបណ្តូរកម្តៅក្នុងអគារ (Thermal Design in the Building)
• ចំណេះដឹងមូលដ្ឋានអំពីប្រព័ន្ធអគ្គិសនី
សមត្ថភាពគាំទ្រ
• ភាពច្នៃប្រឌិត
• ជំនាញសម្របសម្រួល
• ជំនាញទំនាក់ទំនងជាមួយអតិថិជន
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
ស្ថាបត្យករ និងអ្នករចនាអគារ អាចពង្រឹងជំនាញដែលមានស្រាប់របស់ខ្លួន ដោយបន្ថែមចំណេះដឹង និងជំនាញផ្នែក ប្រសិទ្ធភាពថាមពល តាមរយៈការបណ្តុះបណ្តាលនានាពីស្ថាប័នពាក់ព័ន្ធ។
វិស្វករប្រព័ន្ធមេកានិក អគ្គិសនី និងប្រព័ន្ធទឹក
ភារកិច្ចចម្បងៗ
• រចនា និងរាយបណ្ដាយប្រព័ន្ធទាំងអស់នៅក្នុងអគារ ដូចជា ប្រព័ន្ធកម្ដៅ ប្រព័ន្ធខ្យល់ និងម៉ាស៊ីនត្រជាក់ (Heating, Ventilation, and Air Conditioning) ឬហៅកាត់ថា HVAC ប្រព័ន្ធភ្លើងបំភ្លឺ ប្រព័ន្ធអគ្គិសនី ប្រព័ន្ធផ្គត់ផ្គង់ទឹក និងប្រព័ន្ធទឹក និងប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ ដើម្បីធានាប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាពថាមពល
• ធានាថាបច្ចេកវិទ្យាដែលមានប្រសិទ្ធភាពថាមពលខ្ពស់ ត្រូវបានបញ្ចូលទៅក្នុងការរចនា និងអនុលោមតាម បទប្បញ្ញត្តិស្តីពីប្រសិទ្ធភាពថាមពលសម្រាប់អគារ (Building Energy Code)
• ត្រួតពិនិត្យប្រព័ន្ធដំណើរការ (System-Level Performance Checks) និងផ្តល់អនុសាសន៍សម្រាប់ការកែលម្អ ឬការធ្វើទំនើបកម្មប្រព័ន្ធ (Upgrades or Retrofits)
• ធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាបត្យករ វិស្វករសំណង់ស៊ីវិល និងសវនករថាមពល
ដើម្បីបង្កើនសមិទ្ធផលរួមរបស់អគារ
ជំនាញដែលត្រូវការ
• ការរចនាប្រព័ន្ធអគារ រួមមាន មេកានិក អគ្គិសនី និងប្រព័ន្ធទុយោទឹក
• ការគណនាទំហំប្រើប្រាស់ ឬតម្រូវការថាមពលអគ្គិសនី (Load Calculations)
• កម្មវិធី AutoCAD និង Revit
• ការគណនាថាមពល
• ការរួមបញ្ចូលប្រព័ន្ធផ្សេងៗ
សមត្ថភាពគាំទ្រ
• ជំនាញរាយបណ្ដាយប្រព័ន្ធ
• ជំនាញទំនាក់ទំនងជាមួយក្រុមការងារពហុជំនាញ
• សមត្ថភាពវិភាគ
• ការយកចិត្តដាក់ទុកដាក់លើព័ត៌មានលម្អិត
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
វិស្វករ ប្រព័ន្ធមេកានិក អគ្គិសនី និងប្រព័ន្ធទឹក អាចពង្រឹងជំនាញរបស់ខ្លួនលើផ្នែក ប្រសិទ្ធភាពថាមពល តាមរយៈការបណ្តុះបណ្តាលអំពីការរចនាប្រព័ន្ធអគារបែបសមាហរណកម្ម (Integrated Building System Design) គណនាថាមពល ការវាយតម្លៃការកែលម្អប្រព័ន្ធ (Retrofit Assessment) និងការអនុលោមតាមបទប្បញ្ញត្តិ និងស្តង់ដារពាក់ព័ន្ធ (Code Compliance)។
វិស្វករ ឬ អ្នកបច្ចេកទេសប្រព័ន្ធកម្ដៅ ប្រព័ន្ធខ្យល់ និងម៉ាស៊ីនត្រជាក់
ភារកិច្ចចម្បងៗ
• ដំឡើង ថែទាំ និងជួសជុលប្រព័ន្ធកម្ដៅ ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធទូរទឹកកក រួមទាំង ប្រព័ន្ធម៉ាស៊ីនកម្ដៅ (heat pumps)
• គណនាបន្ទុកកម្ដៅ (Thermal Load Calculations) និងការធ្វើសវនកម្មថាមពល សម្រាប់ប្រព័ន្ធត្រជាក់ ព្រមទាំងបង្កើនប្រសិទ្ធភាពប្រព័ន្ធ ដើម្បីសន្សំសំចៃថាមពល។
• គាំទ្រការកែលម្អអគារដែលមានស្រាប់ ដោយដំឡើងបច្ចេកវិទ្យាប្រសិទ្ធភាពថាមពល ដូចជា អាំងវែទ័រ (Inverters) និង ទែរម៉ូស្តាត ឆ្លាតវៃ (Smart Thermostats)។
• ធានាថាប្រព័ន្ធទាំងអស់អនុលោមតាមបទប្បញ្ញត្តិ និងស្តង់ដារស្តីពីសុវត្ថិភាព និងថាមពល។
ជំនាញដែលត្រូវការ
• ការរចនាប្រព័ន្ធកម្ដៅ ប្រព័ន្ធខ្យល់ និងម៉ាស៊ីនត្រជាក់ (Heating, Ventilation, and Air Conditioning) ឬហៅកាត់ថា HVAC
• ចំណេះដឹងអំពីប្រព័ន្ធត្រជាក់ (Chiller Systems) និងប្រព័ន្ធ Variable Refrigerant Flow (VRF)
• ការគណនាបន្ទុកកម្ដៅ (Load Calculations)
សមត្ថភាពគាំទ្រ
• ការរៀបចំរបាយការណ៍បច្ចេកទេស
• ការដោះស្រាយបញ្ហា
• ការធ្វើការជាក្រុម
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
ប្រសិនបើអ្នកជាអ្នកបច្ចេកទេស ឬវិស្វករ HVAC រួចហើយ អ្នកអាចបន្ថែមជំនាញផ្នែក ប្រសិទ្ធភាពថាមពល ដើម្បីពង្រីកឱកាសអាជីពរបស់អ្នក។ ការបណ្តុះបណ្តាលលើការរចនាប្រព័ន្ធដែលសន្សំសំចៃថាមពល ការធ្វើគណនាថាមពល និងការកែលម្អប្រព័ន្ធអគារ នឹងជួយឱ្យអ្នកក្លាយជាអ្នកជំនាញដែលមានតម្រូវការខ្ពស់នៅក្នុងវិស័យថាមពលស្អាត។
អ្នកបច្ចេកទេសដំឡើងសម្ភារអ៊ីសូឡង់
ភារកិច្ចចម្បងៗ
• ដំឡើងសម្ភារៈអ៊ីសូឡង់ លើជញ្ជាំង ទុយោ បំពង់ខ្យល់ (Ducts) និងប្រព័ន្ធមេកានិក
• ជ្រើសរើសសម្ភារៈដែលសមស្របទៅនឹងសមិទ្ធផលកម្ដៅ (Thermal Performance) និងស្តង់ដារសុវត្ថិភាព
• បិទភ្ជាប់ និងបញ្ចប់ផ្ទៃដែលបានដំឡើងអ៊ីសូឡង់ ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការងារ។
ជំនាញដែលត្រូវការ
• ការជ្រើសរើស និងកាត់សម្ភារៈ
• បច្ចេកទេសដំឡើងអ៊ីសូឡង់
• ការរៀបចំផ្ទៃមុនពេលដំឡើង
• ការអានប្លង់សំណង់
• ការប្រើប្រាស់សារធាតុស្អិត និងសារធាតុបិទភ្ជាប់
សមត្ថភាពគាំទ្រ
• ភាពហ្មត់ចត់
• ការធ្វើការជាក្រុម
• ការគ្រប់គ្រងពេលវេលា
• ការយល់ដឹងអំពីលំហ និងទីតាំង (Spatial Awareness)
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
កម្មករសំណង់ ជាងឈើ និងអ្នកដំឡើងជញ្ជាំងស្ងួត អាចបន្តមកអាជីពនេះបាន ដោយបន្ថែមការបណ្តុះបណ្តាលអំពីការជ្រើសរើសសម្ភារៈ Thermal Properties និងបច្ចេកទេសបិទភ្ជាប់ឱ្យបានត្រឹមត្រូវ អ្នកអាចក្លាយជាអ្នកជំនាញក្នុងវិស័យប្រសិទ្ធភាពថាមពល។
អ្នកដំឡើងកញ្ចក់អគារ
ភារកិច្ចចម្បងៗ
• ដំឡើងកញ្ចក់សម្រាប់បង្អួច ដំបូលកញ្ចក់ ទ្វារ និងរចនាសម្ព័ន្ធផ្សេងៗ
• ជួយកាត់បន្ថយការបាត់បង់កម្ដៅ ឬការស្រូបយកកម្ដៅពីពន្លឺព្រះអាទិត្យ ឱ្យសមស្របទៅនឹងលក្ខខណ្ឌអាកាសធាតុ
• បិទភ្ជាប់ស្រទាប់ការពារ ឬស្រទាប់ថ្នាំកូតលើផ្ទៃកញ្ចក់ ដើម្បីបង្កើនប្រសិទ្ធភាពថាមពល និងការពារកម្ដៅ។
ជំនាញដែលត្រូវការ
• ការកាត់ និងដំឡើងកញ្ចក់
• ការដំឡើងគ្រោងកញ្ចក់
• ការអានប្លង់សំណង់
• ការប្រើប្រាស់ឧបករណ៍លើក និងឧបករណ៍ស្ទូច
សមត្ថភាពគាំទ្រ
• ការយកចិត្តទុកដាក់លម្អិត
• ការយល់ដឹងអំពីសុវត្ថិភាព
• ជំនាញហត្ថកម្ម
• ជំនាញទំនាក់ទំនងជាមួយអតិថិជន និងក្រុមការងារ
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
ជាងដំឡើងកញ្ចក់អគារ ដែលមានបទពិសោធន៍ក្នុងវិស័យសំណង់ អាចពង្រឹងជំនាញរបស់ខ្លួនដោយបន្ថែមចំណេះដឹង និងបច្ចេកទេសផ្នែកប្រសិទ្ធភាពថាមពល តាមរយៈការបណ្តុះបណ្តាល។
អ្នកគ្រប់គ្រងការដ្ឋានសំណង់ ឬ អ្នកត្រួតពិនិត្យអគារ
ភារកិច្ចចម្បងៗ
• គ្រប់គ្រងការងារកែលម្អអគារដើម្បីបង្កើនប្រសិទ្ធភាពថាមពល ដូចជាការដំឡើងសម្ភារៈអ៊ីសូឡង់ អំពូល LED និងប្រព័ន្ធឆ្លាតវៃ
• អនុវត្តការត្រួតពិនិត្យគុណភាព និងធានាសុវត្ថិភាពនៅការដ្ឋាន
• ធានាថាការងារសាងសង់អនុវត្តតាមលក្ខណៈបច្ចេកទេសសម្រាប់សមិទ្ធផលថាមពល
• តាមដានគុណភាពការងារ និងសុវត្ថិភាពក្នុងការប្រើប្រាស់សម្ភារៈដែលមាន ប្រសិទ្ធភាពថាមពល ។
ជំនាញដែលត្រូវការ
• ការធានាគុណភាព និងការត្រួតពិនិត្យគុណភាព
• ការគ្រប់គ្រង និងត្រួតពិនិត្យការដ្ឋានសំណង់
• ស្តង់ដារសុខភាព សុវត្ថិភាព និងបរិស្ថាន (HSE Standards)
សមត្ថភាពគាំទ្រ
• ភាពហ្មត់ចត់
• ជំនាញទំនាក់ទំនង
• ភាពជាអ្នកដឹកនាំ
តើអ្នកសក្តិសមនឹងអាជីពនេះ ដែរឬទេ?
អ្នកគ្រប់គ្រងការដ្ឋានសំណង់ (មេការ) និងអ្នកត្រួតពិនិត្យការសាងសង់ អាចបន្តមកអាជីពក្នុងវិស័យ ប្រសិទ្ធភាពថាមពល បាន ដោយបន្ថែមការបណ្តុះបណ្តាលជាក់លាក់អំពីស្តង់ដារ និងសម្ភារៈដែលមានប្រសិទ្ធភាពថាមពល ។
តើអ្នកចង់បន្តស្វែងយល់ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលចាប់អារម្មណ៍លើវិស័យថាមពលស្អាតដែរឬទេ?
ចូលរួមជាមួយសហគមន៍ EnergyLab នៅលើតេឡេក្រាម ដែលជាបណ្ដុំពត៌មានសម្រាប់យុវជនកម្ពុជាដែលចង់សិក្សាពីថាមពលស្អាត អភិវឌ្ឍអាជីព និងរួមចំណែកកសាងអនាគតថាមពលស្អាតរបស់កម្ពុជា។
